James 1

1ខ្ញុំយ៉ាកុប​ជា​បាវបម្រើ​របស់​ព្រះអម្ចាស់និង​ព្រះអម្ចាស់​យេស៊ូគ្រិស្ដ​ជូន​ចំពោះកុលសម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​បែកខ្ញែកគ្នា 2បងប្អូនរបស់​ខ្ញុំអើយ! ​កាលណា​អ្នករាល់គ្នា​ជួប​សេចក្ដី​ល្បួងផ្សេងៗ​នោះ​ត្រូវ​ចាត់ទុកថា​ជា​អំណរ​ដ៏​ក្រៃលែង 3ទាំងដឹងថា​ការ​ល្បងលជំនឿរបស់អ្នករាល់គ្នាបង្កើត​សេចក្ដី​អត់ធ្មត់ 4ហើយចូរ​ទុក​ឲ្យ​សេចក្ដី​អត់ធ្មត់​នោះ​បង្កើតផល​គ្រប់​លក្ខណ៍​ចុះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បានពេញវ័យហើយ​គ្រប់​លក្ខណ៍ឥតខ្វះ​អ្វី​ឡើយ 5ប៉ុន្ដែនៅក្នុង​ចំណោម​អ្នករាល់គ្នាបើ​មាន​អ្នកណាម្នាក់ខ្វះប្រាជ្ញា​ចូរ​ឲ្យ​អ្នកនោះ​ទូល​សុំព្រះជាម្ចាស់ដែលប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​ដោយ​សប្បុរសនិងមិនបន្ទោស​ចុះ​នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​មិនខាន 6ប៉ុន្ដែអ្នកនោះ​ត្រូវ​ទូល​សុំដោយជំនឿឥតសង្ស័យ​អ្វី​ឡើយដ្បិត​អ្នកណា​ដែលសង្ស័យ​អ្នកនោះ​ប្រៀប​ដូចជារលកសមុទ្រ​ដែល​ត្រូវ​ខ្យល់​បោកបក់កម្រើកចុះឡើង 7ចូរកុំ​ឲ្យ​អ្នកនោះនឹកស្មានថា​ខ្លួន​នឹង​បានអ្វីពីព្រះអម្ចាស់​ឲ្យ​សោះ 8ព្រោះគេ​ជា​មនុស្ស​មាន​ចិត្ដពីរមិន​នឹងន​ក្នុង​ការ​ប្រព្រឹត្ដិទាំ​ងស្រុង​របស់​ខ្លួនទេ 9ចូរបងប្អូនដែលក្រីក្រ​មាន​មោទនៈ​ភាព​ឡើងដោយព្រោះ​បាន​ថ្កើងឡើង 10ហើយអ្នក​មាន​ក៏​មាន​មោទនៈ​ភាព​ដែរ​ដោយព្រោះ​បាន​បន្ទាបចុះព្រោះ​គេ​នឹង​វិនាសទៅដូចជាផ្កាស្មៅ 11ពេលថ្ងៃរះឡើង​ពេញ​កំដៅស្មៅ​ក៏​ក្រៀមស្វិតហើយផ្កាស្មៅ​ក៏​រុះរោយរីឯសម្រស់របស់វា​ក៏​បាត់បង់​ដែរ​ដូច្នេះ​អ្នក​មាន​នឹង​វិនាសទៅ​ជា​យ៉ាងនោះដែរនៅក្នុងដំណើរជីវិត​របស់​ខ្លួន 12មានពរ​ហើយ​អ្នកណាដែលស៊ូទ្រាំ​នឹង​សេចក្ដី​ល្បួងព្រោះ​ក្រោយ​ពី​បាន​ឃើញថាខ្ជាប់ខ្ជួន​អ្នកនោះ​នឹង​ទទួលបានមកុដ​នៃ​ជីវិតដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់អ្នក​ដែលស្រលាញ់ព្រះអង្គ 13កាលណាជួប​សេចក្ដី​ល្បួងកុំ​ឲ្យ​អ្នកណា​ម្នាក់​និយាយថាព្រះជាម្ចាស់ល្បួងខ្ញុំឡើយដ្បិត​ការ​អាក្រក់​មិន​អាច​ល្បួងព្រះជាម្ចាស់​បាន​ទេហើយព្រះអង្គ​ក៏​មិនល្បួង​អ្នកណា​ដែរ 14ព្រោះការ​ដែល​ម្នាក់ៗជួប​សេចក្ដី​ល្បួង​គឺ​ដោយសារ​ត្រូវ​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួនទាក់ទាញនិងលួងលោម​ប៉ុណ្ណោះ។ 15ពេលសេចក្ដី​ប៉ងប្រាថ្នាចាប់កំណើត​នោះ​សម្រាល​បាន​បាបហើយ​ពេល​បាប​ពេញ​វ័យឡើង​នោះ​ក៏​បង្កើតបាន​សេចក្ដី​ស្លាប់ 16បងប្អូនជាទីស្រលាញ់របស់ខ្ញុំអើយ! ​ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោតឡើយ 17ដ្បិតគ្រប់ទាំងរបស់ល្អ​និង​គ្រប់​ទាំង​អំណោយទាន​ដ៏​គ្រប់​លក្ខណ៍​សុទ្ធ​តែ​មកពី​ស្ថាន​លើ​គឺ​មកពី​ព្រះ​វរ​បិតា​នៃ​ពន្លឺ​ដែល​ព្រះអង្គមិនប្រែប្រួល​សូម្បីតែ​ស្រមោល​នៃ​ការផ្លាស់ប្រែ​ក៏​គ្មាន​ដែរ។ 18ព្រះអង្គបាន​បង្កើតយើង​ទៅតាម​បំណង​របស់​ព្រះអង្គ​ដោយសារ​ព្រះ​បន្ទូល​នៃ​សេចក្ដីពិតដើម្បី​ឲ្យ​យើង​ត្រលប់​ជាផលដំបូង​មួយ​នៅក្នុង​ចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើតមក 19បងប្អូនជា​ទី​ស្រលាញ់​របស់ខ្ញុំអើយ! ​ចូរ​អ្នករាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ចូរ​ឲ្យគ្រប់គ្នាឆាប់នឹងស្ដាប់យឺតនឹងនិយាយ​ហើយ​កុំ​រហ័ស​ខឹងឡើយ 20ដ្បិតកំហឹង​របស់​មនុស្សមិន​អាច​សម្រេច​បាន​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់ទេ 21ដូច្នេះចូរ​បោះបង់​សេចក្ដី​ស្មោកគ្រោកគ្រប់បែបយ៉ាងនិង​សេចក្ដី​អាក្រក់ទាំងឡាយចោល​ហើយ​ទទួលយកព្រះបន្ទូល​ដែល​បាន​ដាំ​នៅក្នុង​ចិត្ដ​របស់​អ្នករាល់គ្នា​ដោយ​ចិត្ដ​ស្លូតបូត​ដ្បិត​ព្រះបន្ទូល​អាច​ជួយ​សង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាបាន 22ចូរធ្វើជាអ្នក​ប្រព្រឹត្ដ​តាមព្រះបន្ទូលកុំ​ឲ្យ​គ្រាន់តែស្ដាប់​ដោយ​បញ្ឆោតខ្លួនឯង​នោះ​ឡើយ 23ដ្បិតបើអ្នកណាស្ដាប់ព្រះបន្ទូលហើយប៉ុន្ដែមិនប្រព្រឹត្តតាមអ្នកនោះ​ប្រៀប​ដូចជាមនុស្ស​ម្នាក់​ដែលឆ្លុះកញ្ចក់មើលមុខខ្លួនឯង 24ពេលមើល​រួច​ហើយ​ក៏​ចេញទៅភ្លាមនោះ​ក៏​ភ្លេច​ថា​ខ្លួន​មាន​មុខ​យ៉ាងណា 25ប៉ុន្ដែអ្នកណាដែល​ពិនិត្យ​មើលក្រឹត្យវិន័យ​ដ៏​គ្រប់​លក្ខណ៍​ជា​ក្រឹត្យវិន័យ​នៃ​សេរីភាពហើយនៅខ្ជាប់ខ្ជួន​ទាំង​មិនភ្លេច​សេចក្ដី​ដែល​ខ្លួន​បាន​ផ្ទុយទៅវិញប្រព្រឹត្ដតាមអ្នកនោះនឹង​មាន​ពរនៅក្នុងកិច្ចការ​ដែល​ខ្លួន​ធ្វើ។ 26បើអ្នកណាគិតថា​ខ្លួន​ជា​អ្នក​កាន់​សាសនាតែមិន​ចេះ​ទប់អណ្ដាត​របស់​ខ្លួន​អ្នកនោះ​បញ្ឆោតចិត្តខ្លួនឯង​ហើយ​រីឯ​សាសនា​ដែល​អ្នកនោះ​កាន់​ក៏​គ្មាន​ប្រយោជន៍​ដែរ។ 27រីឯសាសនាបរិសុទ្ធហើយឥតសៅហ្មងនៅចំពោះព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​នោះ​គឺ​ថា​ត្រូវ​សួរសុខទុក្ខក្មេងកំព្រានិង​ស្ដ្រី​មេម៉ាយ​ដែល​មាន​សេចក្ដី​វេទនា​ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​សៅហ្មង​ដោយសារ​លោកិយនេះ​ឡើយ។
Copyright information for KhmKCB